អត្ថន័យនៃពិធីបុកល័ក្ក និងធ្វើធ្មេញអំពីបុរាណ


ពិធីបុកល័ក្ក និងធ្វើធ្មេញអំពីបុរាណ
អត្ថន័យក្នុងពីធីបុកល័ក្ក និងធ្វើធ្មេញនេះគឺចាស់ទុំប្រារពឡើងទៅតាមឧត្តង្គម៉ែជ័យ។ ឧត្តង្គម៉ែជ័យនេះ គឺលោកគិតថាមង្គលការគូស្វាមីភរិយាទៅថ្ងៃអនាគត នឹងឱ្យបានសេចក្ដីសុខគឺលោកឱ្យអត់ធ្មត់បីប្រការ ទី១គឺអត់ធ្មត់ផ្លូវអារម្មណ៍ ទី២គឺអត់ធ្មត់ផ្លូវចិត្ត និងទី៣គឺអត់ធ្មត់ផ្លូវកាយ។ អត់ធ្មត់់ផ្លូវអាម្មណ៍នេះគឺកូនទាំងពីរបុត្រាបុត្រីធ្លាប់រស់នៅម្នាក់ឯង គឺធ្លាប់បណ្ដែតអារម្មណ៍ អាចគិតវែងឆ្ងាយភ្លេចបាយភ្លេចទឹកបាន ដូច្នេះលោកឱ្យកាត់បន្ថយ មកគិតអ្នកនៅជិតខ្លួន អ្នកនៅក្បែរខ្លួន។ រីឯអត់ធ្មត់ផ្លូវចិត្ត គឺចិត្តបុត្រាបុត្រីទាំងពីរ នៅម្នាក់ឯងធ្លាប់ចិត្តខ្លាំង ចិត្តដាច់ខាត ដូច្នេះលោកឱ្យកាត់បន្ថយកុំឱ្យខ្លាំងពេក កុំឱ្យចិត្តដាច់ខាតពេក បុរាណលោកថាដាច់គឺឃ្លាត ខាតគឺមិនចំណេញ។ រីឯអត់ធ្មត់ផ្លូវកាយ គឺបុត្រាបុត្រីរស់នៅម្នាក់ឯងធ្លាប់ប្រឡែងលេងដៃធ្ងន់ ជើងធ្ងន់ ដូច្នេះលោកឱ្យកាត់បន្ថយមកដៃស្រាលជើងស្រាល ហើយភាពស្រទន់ទើបស្វាមីភរិយាបានសេចក្ដីសុខ។ អញ្ចឹងទេចាស់ទុំដូនតាលោកឱ្យអត់ធ្មត់របៀបនេះទៅថ្ងៃអនាគត ដូច្នេះហើយលោកបានបង្កប់នូវវត្ថុទាំងប្រាំពីរមុខ។ វត្ថុទាំងប្រាំពីមុខនេះលោកយកមកប្រៀបធៀបថា មនុស្សយើងទោះបីជាកើតមកមានអាយុរាប់រយឆ្នាំយ៉ាងណាក៏ដោយ ក៏មិនអាចរំលងនូវថ្ងៃទាំងប្រាំពីបាននោះទេ ដូច្នេះលោកមានវត្ថុទាំងប្រាំពីរ។ ទី១ គឺល័ក្កជុំកន្លង់ ទី២ គឺជ័រចុង ទី៣ គឺសាច់ជូរ ទី៤ គឺអំពិល ទី៥គឺបាយដំណើប ទី៦គឺទឹកដូង ទី៧ គឺទឹកតែ។​ វត្ថុទាំងប្រពីរមុខនេះហើយដែលលោក​ឱ្យពិចារណារ បើមានបញ្ហាក្នុងគ្រួសារលោកឱ្យយកអ្វីមកដោះស្រាយ? ឧទាហរណ៍ដូចជាល័ក្កដែលមានជាតិល្វីងចត់ មិនអាចពិសាបានទេ គឺលោកឱ្យយកទឹកតែមកទប់ទល់ ព្រោះទឹកតែមានភាពក្ដៅប្រទន់ ដែលហូបទៅហើយបែកញើសរំសាយចិត្ត(នេះគឺទឹកតែ និងល័ក្កជុំកន្លង់)។ ទី២ ជ័រចុង ដែលមានរសជាតិល្វីងហើយចត់ ក៏មិនអាចពិសាបានដែរ លោកឱ្យយកទឹកដូងមកទប់ទល់។ ហេតុអ្វីបានជាលោកមិនយកទឹកសុទ្ធឬទឹកសាបមកប្រើ? ព្រោះទឹកដូងនេះបញ្ជាក់នូវភាពបរិសុទ្ធភាពស្ងៀមស្ងាត់។ ដូច្នេះទេបើមានបញ្ហាខុសឆ្គងដោយដោយកាយវាចារចិត្តគឺយកទឹកដូងមកទប់ទល់ភាពផ្អែមល្ហែម ភាពត្រជាក់ស្ងប់ (នេះគឺទឹកដូង និងល័ក្កជុំកន្លង់)។ រីឯសាច់ជូរ មានរសជាតិជូរប្រហេតប្រហាត មិនអាចពិសារបានទេ លោកឱ្យយកបាយដំណើបមកទប់ទល់។ ហេតុអ្វីលោកមិនប្រើបាយអង្ករខ្សាយ? ព្រោះបាយដំណើបនេះបញ្ជាក់ពីភាពស្អិតរមួត គឺខុសឆ្គងបន្តិចបន្តួចយ៉ាងណាកុំឱ្យបែកខ្ចខ្ចាយឱ្យដោះស្រាយស្អិតរមួតដោយសេចក្ដីសុខសេចក្ដីចម្រើន (នេះគឺសាច់ជូរ និងបាយដំណើប)។ ចំណែកឯអំពិល មានរសជាតិជូរ តែទោះបីជាជូរយ៉ាងណាក៏ដោយគឺមានរសជាតិពិសេសរបស់វា អញ្ជឹងទេអាចថ្ងៃក្រោយនឹកឃើញអាចចង់ពាក្យថាម្ចូរ លោកប្រៀបធៀបថាបើមានអ្នកចង់ហើយអាចមានអ្នកដោះស្រាយដោយរីករាយ (នេះគឺអំពិល)។ ចំណែកឯម្លូដែលលោកមហាមូរហើយ លោកអាចារ្យឱ្យកូនកម្លោះកូនក្រមុំខាំ ហើយលោកកោស។ លោកកោសនេះគឺលោកអប់ម្ទេសដើម្បីកោសនូវភាពល្វីងជូរចត់ក្នុងក្រអូមមាត់ឱ្យមានភាពស្អាតល្អទៅថ្ងៃមុខនឹងគ្រួសារបានសេចក្ដីសុខ។ លោកកោសហើយលោកបានប្រើនូវគាថា (កូនក្រមុំអានថា អភិ កូនកម្លោះអានថា អគ្គ) អភិ អគ្គ ហិរិកំ អនត្បព្វំ ជាតិបរិយន្តំ អាវាហ វិវាហ មង្គលា សុរតោហោន្តុ​ ការកោស និងកាត់កម្ចាត់នូវឧបទ្រប់ចង្រៃចេញ នាំចូលមកនូវសេចក្ដីជានា គួស្វាមីភរិយា​​ រៀបអាពាហ៍ពិពារហ៍ បានសេចក្ដីសុខទៅថ្ងៃអនាគត។​ ចំណែកឯនៅខាងក្រោមកូនក្រមុំកូនកម្លោះអង្គុយលោកហៅថាអង្កររាប។ អង្កររាបលោកបង្កប់នូវវត្ថុ៧មុខ ទី១ មានមាស ទី២ ប្រាក់ ទី៣ត្រល់ ទី៤ស្រា ទី៥ម្ជុលចេស ទី៦អំបោះ ទី៧អំពិល សម្រាប់ឱ្យកូនកម្លោះកូនក្រមុំផ្សង។ បើផ្សងបានមាសនិងប្រាក់បញ្ជាក់នូវភាពត្រជាក់ត្រជុំនិងរីកចម្រើន។ បើផ្សងបានត្រល់គឺមានការហត់នឿយនៅក្នុងម្លប់។ បើផ្សងបានស្រាគឺសំបូរញាតិ។ បើផ្សងបានម្ជុលចេស គឺហត់នឿយ។ បើផ្សងបានអំបោះគឺជំពាក់ជំពិនក្នុងជីវិត។ បើផ្សងបានអំពិល គឺជីវិតរកាំរកុះ។

ខាងលើជាសេចក្ដីសាកសួរព័ត៌មានពីលោកគ្រូព្រឹទ្ធាចារ្យ ម៉ី ប៉ៅ
សូមឧទ្ទិសជូនលោកព្រឺទ្ធាចារ្យ និងឧបាសិកា ហែន កឹង បានបដិសន្ធិកក្នុងទីស្ថានដែលសមគួរ។

Comments

Popular posts from this blog

ក្រុងបាវិត

Blogger Contact