ក្រុងបាវិត

នៅមុនឆ្នាំ២០០៥គេតែងតែឮពាក្យថាឃុំបាវិត ក្រោយមកគ្រប់គ្នាតែងហៅថាក្រុងបាវិតវិញ។ តើបាវិតបានប្រែក្លាយមកជាក្រុងនៅឆ្នាំណា?
បាវិតគឺជាឈ្មោះរបស់ឃុំមួយក្នុងស្រុកចន្ទ្រា ហើយមានភូមិចំនួនប្រាំចំណុះឃុំរួមមាន៖
១- ភូមិបាវិតលើ
២- ភូមិបាវិតកណ្ដាល
៣- ភូមិតាពៅ
៤- ភូមិតាបឹប
៥- ភូមិច្រកលាវ
លក្ខណៈភូមិសាស្ត្រ
ឃុំបាវិតមានភូមិសាស្រ្ដស្ថិតនៅក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង ប្រទេសកម្ពុជា ដែលមានព្រំប្រទល់ជាប់នឹង៖
- ខាងកើតជាប់នឹងប្រទេសវៀតណាម
- ខាងលិច និងខាងត្បូងជាប់នឹងឃុំបាទី
- ខាងជើងជាប់នឹងឃុំធ្លក

លក្ខណៈប្រជាសាស្រ្ដ
ប្រជាជនឃុំបាវិតពីជំនាន់មុន ភាគច្រើនរស់នៅប្រមូលផ្ដុំគ្នាជារបៀបសហគមន៍ក្នុងភូមិតាបឹបស្ថិតនៅត្រើយខាងលិចជាប់មាត់បឹងដ៏ធំមួយលាតសន្ធឹងពីជើងទៅត្បូង ហើយត្រើយខាងកើតនៃបឹងនេះទៅទល់នឹងទន្លេវ៉ៃកូ​(វាយគោ)ខាងកើត បច្ចុប្បន្នហៅថាទន្លេ កូយ៉ូហា (វៀតណាម)។ កាលពីជំនាន់នោះ គមនាគមន៍ផ្លូវគោកឆ្លងកាត់បឹងនេះពុំទាន់មានទេ។ ត្រង់តំបន់ភូមិតាបឹបនេះជាកំពង់ចម្លងដ៏ធំមួយ សម្រាប់អ្នកដំណើរ និងការផ្លាស់ប្ដូរទំនិញសព្វសារពើ ពីតំបន់ចំពុះទា ទៅកាន់ដែនដីកូសាំងស៊ីន និងពីកូសាំងស៊ីន មកកាត់តំបន់ចំពុះទាវិញ។

នៅសម័យបារាំងគ្រប់គ្រងនឹមអាណានិគមន៍ តំបន់នេះក៏មានចលនាបះបោរប្រឆាំងនឹងបារាំងដែរ។ ដើម្បីបង្ក្រាបចលនាបះបោរនេះ ពិសេសក្នុងការចល័តកងទ័ពតាមទន្លេវ៉ៃកូខាងកើតម្ដងៗ កងនាវាចម្បាំងបារាំង តែងតែធ្វើការបាញ់បោះគ្រាប់ផ្លោង មកលើត្រើយខាងលិចបឹង ពេលខ្លះកងការណូតចម្បាំងបារាំងចូលមកធ្វើការរាតត្បាត អ្នកស្រុកនៅត្រើយខាងលិចធ្វើឱ្យពួកគេមានការភ័យខ្លាច រត់ចោលផ្ទះសម្បែងហើយប្រជាជនខ្លះបានរុះរើថយចូលមកក្នុង (មកលិច) ដើម្បីចៀសផុតពីគ្រោះថ្នាក់។ បារាំងចាញ់សង្គ្រាមលោកលើកទីពី ពេលនោះជប៉ុនក៏បានមកគ្រប់គ្រងកម្ពុជាម្ដង។

ទន្ទឹមនឹងកងទ័ពជប៉ុនដកចេញពីកម្ពុជា ប្រជាជនដែលរត់ចេញពីសឹកសង្គ្រាម ក៏បានវិលត្រឡប់មកភូមិស្រុកកំណើតរបស់គេវិញដែរ។ ដោយសារសង្គ្រាមបានបំផ្លិចបំផ្លាញផ្លូវ ផ្ទះសម្បែង​ទ្រព្យសម្បត្តិ ខ្វះស្បៀងអារហារម្យ៉ាងទៀត អសន្ដិសុខនៅកើតមាននៅឡើយ ម្លោះហើយពួកគេបានសម្រេចចិត្តបោះបង់ភូមិកំណើតចាស់ចោលហើយមកប្រមូលផ្ដុំគ្នា រស់នៅក្បែរបន្ទាយទាហានអាណានិគមបារាំងមួយក្បែរបន្ទាយ តុងកាក ដែលស្ថិតនៅត្រង់សាលាសង្កាត់បាវិតសព្វថ្ងៃនេះ ដើម្បីងាយស្រួលក្នុងការការពារសន្ដិសុខសង្គម។

ដើម្បីងាយស្រួលក្នុងការការពារ និងគ្រប់គ្រងស្ថិតិប្រជាពលរដ្ធនៅក្រោយសង្គ្រាម រដ្ឋអំណាចមូលដ្ឋានឃុំបាវិតជំនាន់នោះបានបែងចែកទីតាំងភូមិឱ្យប្រជាជនរស់នៅតាមទិសដៅដូចខាងក្រោម៖
- ភូមិបាវិត នៅខាងកើតវត្ត
- ភូមិច្រកលាវ នៅខាងត្បូងវត្ត
- ភូមិតាពៅ នៅខាងលិចវត្ត
- ភូមិតាបឹប នៅខាងជើងវត្ត
ការបែងចែកទីតាំងភូមិតាមទិស ឱ្យប្រជាជនរស់នៅនេះ បានជាប់រហូតមកដល់សព្វថ្ងៃនេះ។

នៅឆ្នាំ១៩៥៣ ប្រទេសកម្ពុជាទទួលបានឯករាជ្យពេញបរិបូណ៍ពីអាណានិគមបារាំង។ កងទ័ពបារាំងក៏ត្រូវបានដកចេញទាំងអស់ពីទឹកដីកម្ពុជា។
នៅឆ្នាំ១៩៥៤ បន្ទាយទាហានរបស់អាណានិគមបារាំង ឈ្មោះថា បន្ទាយតុងកាក ត្រូវបានរុះរើចោល។​ ដីនៅខាងជើងផ្លូវជាតិរដ្ឋអំណាចទុកសាងសង់សាលាឃុំ ចំណែកដីខាងត្បូងផ្លូវរដ្ខអំណាចទុកសម្រាប់ប្រជាពលរដ្ឋសាងសង់វត្តសម្រាប់ប្រជាជនធ្វើបុណ្យទាន។

ចំណុចដែលគួរឱ្យកត់សម្គាល់ៈ
តាមការរៀបរាប់របស់លោកតា ម៉ី-ប៉ៅ ពីដើមឡើយនៅក្នុងសង្កាត់បាវិត ពិសេសត្រង់ភូមិសាស្រ្ដម្ដុំវត្តបុព្វារាម(វត្តព្រៃយាយ) សំបូរទៅដោយសត្វប្រវឹក ដែលលោកតាកាលពីកុមារភាពជាមួយមិត្តភក្រ តែងតែដេញចាប់ ហើយពិសេសនោះអ្នកភូមិតែងតែយកប្រវឹកមកធ្វើម្ហូបផងដែរ។

ចំណុចខាងលើស្របគ្នាជាមួយរដ្ឋបាលខេត្តក៏បានបញ្ជាក់ផងពីប្រវត្តិឈ្មោះថាក្រុងបាវិត គឺក្លាយមកពីពាក្យថាប្រវឹក


ក្រុងបាវិត ត្រូវ​បាន​ប្ដូរ​ពី​​ឃុំ​បាវិត របស់​ស្រុក​ចន្ទ្រា ​ខេត្តស្វាយរៀង​​ ដោយ​អនុក្រឹត្យ​លេខ ​២៣៣ អនក្រ.បក ចុះ​ថ្ងៃទី ៣០ ខែ​ធ្នូ ឆ្នាំ​២០០៨ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ។ ដោយ​កាត់​យក​ ឃុំ​បាវិត ឃុំព្រៃអង្គុញ​ ឃុំ​ប្រាសាទ ឃុំបាទី ពី ស្រុកចន្ទ្រា និង​ ឃុំច្រកម្ទេស ​ពី ស្រុកស្វាយទាប ។

បច្ចុប្ប័ន្ននេះសង្កាត់បាវិតមានភូមិចំនួន៥ចំណុះឱ្យសង្កាត់រួមមាន៖
១- ភូមិបាវិតលើ
២- ភូមិបាវិតកណ្ដាល
៣- ភូមិច្រកលាវ
៤- ភូមិតាពៅ
៥- ភូមិតាបឹប

បច្ចុប្ប័ន្ននេះក្រុងបាវិតមានសង្កាត់ចំនួន៥ចំណុះឱ្យក្រុងរួមមាន៖
១-​ សង្កាត់បាវិត
២- សង្កាត់បាទី
៣- សង្កាត់ច្រកម្ទេស
៤- សង្កាត់ប្រាសាទ
៥- សង្កាត់ព្រៃអង្គុញ
-----------------------------------------------------------------------------------

ឯកសាយោង http://www.ncdd.gov.kh/en/legal-framework/sub-decree/doc_download/104-2008-sub-decree-on-creation-of-bavet-municipality-of-svay-rieng-provincekh

ឯកសារយោងៈ សៀវភៅប្រវត្តិវត្តពោធិ៍ថ្មី របស់លោកគ្រូព្រឹទ្ឋាចារ្យសួស ថន
- ការសាកសួរផ្ទាល់ពីលោកគ្រូព្រឹទ្ឋាចារ្យម៉ី ប៉ៅ

Comments

Popular posts from this blog

អត្ថន័យនៃពិធីបុកល័ក្ក និងធ្វើធ្មេញអំពីបុរាណ

Blogger Contact